ការពង្រឹងនិងពង្រីកទីផ្សារនិងការផលិតផលិតផលខ្មែរគ្រប់ប្រភេទសម្រាប់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននិងអនាគត
“...ដើម្បីអាចការពារប្រទេសជាតិទល់នឹងការឈ្លានពានរបស់សត្រូវឈ្លានពានទឹកដីរបស់ខ្លួនបាន កងទ័ពជួរមុខនិងកងទ័ពជួរក្រោយត្រូវតែខ្លាំងរឹងមាំដូចគ្នា។”
កងទ័ពក្នុងសមរភូមិទីផ្សារសេដ្ឋកិច្ចក៏ដូចជាកងទ័ពជួរមុខក្នុងសមរភូមិសង្គ្រាមជាក់ស្តែងដែរ សហគ្រិនខ្មែរមិនអន់ឡើយ។ សហគ្រិនខ្មែរជាច្រើនមកពីបណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជាបានរួមសាមគ្គីគ្នាធ្វើរឿងមួយគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្លួនឯង ក្រុមគ្រួសារក៍ដូចជា ប្រទេសជាតិទាំងមូល។
សហគ្រិនខ្មែរដែលជាអ្នកផលិតបានជួបជុំគ្នាច្នៃប្រតិដ្ឋផលិតនូវផលិតផលដែលជារបស់ខ្មែរសុទ្ធសាធក្នុងស្មារតីរួបរួមសាមគ្គីជាតិនិងបានប្តេជ្ញាបង្កើនគុណភាពឱ្យដល់កម្រិតកំពូលដើម្បីអាចប្រកួតប្រជែងទីផ្សារនានាទាំងក្នុងស្រុកនិងក្រៅស្រុក។
រួមជាមួយនឹងគំនិតច្នៃប្រតិដ្ឋផ្តួចផ្តើមដ៏ល្អប្រសើរមួយនេះសម្រាប់សង្គមខ្មែរឬប្រទេសជាតិទាំងមូល សូមកោតសរសើរចំពោះលោកគ្រូធំ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ជាស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ (CEO Institute) ដែលបានបណ្តុះបណ្តាលលើកទឹកចិត្តដល់ក្រុមសហគ្រិនខ្មែរទាំងអស់ឱ្យពង្រឹងសមត្ថភាពនិងរបៀបរបបដឹកនាំចាត់ចែងគ្រប់គ្រងអាជីវកម្មរបស់ខ្លួនឱ្យបានល្អព្រមទាំងបានផ្តួចផ្តើមរៀបចំឱ្យមានការជួបជុំគ្នារវាងសហគ្រិនឬអ្នកផលិតកម្ពុជាព្រមទាំងមានការដាក់បង្ហាញនូវផលិតផលខ្មែរគ្រប់ប្រភេទ ក្នុងដើមខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីបង្ហាញអំពីសក្តានុពលផលិតផលខ្មែរនិងសមត្ថភាពផលិតរបស់កម្ពុជាដែលអាចឈានទៅពង្រឹងនិងពង្រីកទីផ្សាររបស់ខ្លួនលើឆាកអន្តរជាតិសម្រាប់ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងពេលអនាគត។ លើសពីនេះទៀត ការជួបគ្នារវាងសហគ្រិនខ្មែរនេះក៏ជាការជួបគ្នាមួយដើម្បីបង្ហាញអំពីភាតរភាព (ភាពជាបងប្អូនគ្នា) ស្មារតីសាមគ្គីជាតិជាធ្លុងមួយ គំនិតស្នេហាជាតិនិងលទ្ធភាពព្រមទាំងសមត្ថភាពដែលថា “ខ្មែរអាចធ្វើបាន” ... ខ្មែរមិនចាញ់បរទេសឡើយឱ្យតែខ្មែរចេះរួបរួមសាមគ្គីមូលមតិគ្នាជាឯកច្ឆន្ទក្នុងស្មារតីស្នេហាជាតិនិងការលើកស្ទួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ លោកគ្រូធំ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ាព្រមជាមួយនឹងវិទ្យាស្ថានស៊ីអ៊ីអូក៏មានផ្តល់អាហារូបករណ៍ដល់សហគ្រិនក្នុងគោលគំនិតនិងស្មារតី ខ្មែរជួយខ្មែរនិងកសាងសមត្ថភាពសហគ្រិនខ្មែរឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិ៕
“ខ្មែរសាមគ្គី ខ្មែរខ្លាំង”
“សមត្ថភាពត្រូវតែធំជាងបញ្ហា។”

