លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា

លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា

ស្ថាបនិក, CEO Master Club


ព័ត៌មានសង្ខេប លោកគ្រូធំ អោម សេងបូរ៉ា

លោកបណ្ឌិត អោម សេងបូរ៉ា គឺជាសហគ្រិន ជាអ្នកវិនិយោគ ជាអ្នកដឹកនាំ ជាស្ថាបនិក និងជាគ្រូបង្វឹកថ្នាក់ដឹកនាំធុរៈកិច្ចដ៏ល្បីមួយរូបនៅកម្ពុជា។ លោកបណ្ឌិត គឺជាអ្នកដឹកនាំគម្រូដ៏មានសក្ដានុពលម្នាក់ដែលចង់ឃើញកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស តាមរយៈការបង្វឹក ប្រឹក្សាយោបល់ និងជ្រោមជ្រែងសហគ្រិនឱ្យមានសមត្ថភាពខ្ពស់ក្នុងការបម្លែងការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មបែបហេងស៊យនិងបែបគ្រួសារ ទៅជាអាជីវកម្មបែបស្តង់ដារ ក្នុងគោលបំណងជម្រុញការបង្កើតផលិតផលឬសេវាកម្មដែលមានគុណភាពខ្ពស់ឱ្យបានច្រើន ការបង្កើតការងារមុខរបរដែលបង្កើតប្រាក់ចំណូលជូនប្រជាជនឱ្យបានច្រើន ការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សនៅកន្លែងការងារឱ្យបានច្រើន ការបង្កើតប្រាក់ចំណូលជូនប្រទេសជាតិតាមរយៈការបង់ពន្ធរបស់សហគ្រិននិងប្រជាពលរដ្ឋឱ្យបានច្រើន ការបណ្តុះសហគ្រិនក្នុងស្រុកឱ្យបានកាន់តែច្រើនឱ្យកាន់តែខ្លាំងដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍពេញលេញនៅឆ្នាំ២០៥០។

ក្នុងទស្សនវិស័យនិងបេសកកម្មដ៏មានអត្ថន័យនេះ លោកបណ្ឌិត អោម សេងបូរ៉ា បានបង្កើត CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ នៅក្រោមក្រុមហ៊ុនស្របច្បាប់ឈ្មោះ Life Education Co, Ltd ចាប់តាំងពីឆ្នាំ២០១០ មក ដែលរហូតមកដល់ពេលនេះ លោកបណ្ឌិតបានបង្វឹកនិស្សិត និង ម្ចាស់អាជីវកម្មចំនួនរាប់ម៉ឺននាក់ និងមានសមាជិកពេញមួយជីវិតចំនួនជាង១៧០០នាក់ នៅទូទាំងប្រទេសកម្ពុជា ដែលមានអាជីវកម្មប្រមាណជាង ៣០០០ អាជីវកម្មនៅទូទាំងប្រទេស បង្កើតការងារជូនប្រជាជនបានជាង ១៧ ម៉ឺននាក់ ជាមួយនឹងចលនាប្រតិបត្តិការអាជីវកម្មទិញលក់ប្រមាណ ៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំសម្រាប់កម្ពុជា។

បទពិសោធន៍ការងារសំខាន់ៗកន្លងមក 

  • លោកបណ្ឌិតធ្លាប់ធ្វើជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មការសវនកម្ម រយៈពេល១២ឆ្នាំ នៅ ធនាគារឯកទេស AEON មកពីប្រទេសជប៉ុន 
  • លោកបណ្ឌិតធ្លាប់ធ្វើជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មការសវនកម្ម រយៈពេល៩ឆ្នាំ នៅក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលជាក្រុមហ៊ុនចូលទីផ្សារមូលបត្រដំបូងគេនៅកម្ពុជា
  • លោកបណ្ឌិតធ្លាប់ធ្វើជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មការសវនកម្ម រយៈពេល៦ឆ្នាំ នៅធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម 
  • លោកបណ្ឌិតធ្លាប់ធ្វើជាអភិបាលនៃសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា រយៈពេល៤ឆ្នាំ
  • លោកបណ្ឌិតធ្លាប់ធ្វើជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (Vision Fund) រយៈពេល៥ឆ្នាំ

ក្រៅពីមុខរបរការងារផ្ទាល់ខ្លួន បច្ចុប្បន្នលោកបណ្ឌិត ក៏ជាអ្នកចូលរួមជួយសង្គមដ៏សកម្មផងដែរ ដោយលោកបណ្ឌិតបានបំពេញតួនាទីបន្ថែមជា៖

  • ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងាយុវជនរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
  • អនុប្រធានកសាងសមត្ថភាពយុវជននៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាផ្នែករាជធានីខេត្ត
  • សមាជិកផ្នែកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម និងកម្មករក្រៅប្រព័ន្ធនៃគណៈកម្មាធិការដឹកនាំការកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន
  • សមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មកម្ពុជា


ដោយមានស្នាដៃធំធេងក្នុងការចូលរួមចំណែកស្ថាបនានិងបណ្តុះបណ្តាលសហគ្រិនជាច្រើននៅកម្ពុជាដែលធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិត អោម សេងបូរ៉ា ត្រូវបាននឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនពានកិត្តិយសចំនួន២ដង លើកទី១គឺ “ពានស្ថាបនិកឆ្នើម Best Founder Award” នៅឆ្នាំ២០១៩ និង លើកទី២គឺ “ពានលោកគ្រូធំឆ្នើម Best Guru Award ” នៅឆ្នាំ២០២២ លើកទី៣ “ពានគ្រូបង្វឹកឆ្នើម” នៅឆ្នាំ២០២៣ នៅក្នុងមហាព្រឹត្តិការណ៍រាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award ដែលរៀបចំឡើងដោយ CEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ។