ការទទួលស្គាល់
វិទ្យាស្ថានស៊ីអ៊ីអូ (ដែលរួមមានដូចជា CEO Master Club, ថ្នាក់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងសាលាអចលនទ្រព្យកម្ពុជា) គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជន ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជាផ្លូវការតាមរយៈ អនុក្រឹត្យ លេខ ១៥១ អ.ន.ក្រ.ប.ក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាអាណាព្យាបាល ។
អំពីស៊ីអុីអូម៉ាស្ទ័ក្លឹប
CEO Master Club គឺជាស្ថាប័នប្រមូលផ្ដុំ បង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាឱ្យក្លាយទៅជាអគ្គនាយកដែលមានលក្ខណៈអាជីព និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងស្ថាប័នអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់កាន់តែទូលាយ លើកកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំង ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យមានភាពរឹងមាំ។ ក្នុងរយៈពេល ១៤ឆ្នាំកន្លងទៅនេះ CEO Master Club បានបណ្តុះបណ្តាលសហគ្រិនកម្ពុជាបានចំនួនរាប់ម៉ឺននាក់និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតប្រមាណ ១,៧២៦នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ៣,៤០០ ក្រុមហ៊ុន ដែលបង្កើតប្រតិបត្តិអាជីវកម្មជាទឹកប្រាក់ប្រមាណ ៣,៤០០ លានដុល្លារក្នុងឆ្នាំ ២០២៣ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧ម៉ឺននាក់ ។
បុព្វហេតុ និងប្រវត្តិនៃការបង្កើត CEO Master Club
លោក អោម សេងបូរ៉ា បានមើលឃើញថា ប្រទេសជាតិមួយរឹងមាំទៅបានគឺត្រូវការសេដ្ឋកិច្ចក្នុងស្រុករឹងមាំ ។ សេដ្ឋកិច្ចក្នុងស្រុករឹងមាំ ត្រូវការអាជីវកម្មក្នុងស្រុករឹងមាំ ហើយអាជីវកម្មក្នុងស្រុករឹងមាំ ត្រូវការអ្នកដឹកនាំធុរកិច្ចក្នុងស្រុករឹងមាំ។ ជាក់ស្តែងប្រទេសអភិវឌ្ឍន៍ដែលមានភាពរីកចម្រើនខ្លាំងក្លានៅលើពិភពលោកសុទ្ធតែជាប្រទេសដែលពូកែខ្លាំងក្លាខាងសេដ្ឋកិច្ច ខាងរកស៊ី ដែលក្នុងនោះសម្បូរទៅដោយអ្នករកស៊ីឬសហគ្រិនពូកែៗ ដែលអាចដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ពួកគេលំដាប់ថ្នាក់ពិភពលោក ដែលធ្វើឱ្យពួកគេមានសមត្ថភាពស្រូបយកប្រាក់ចំណេញពីពិភពលោកចូលក្នុងប្រទេសរបស់ពួកគេវិញដើម្បីធ្វើការកសាងស្ថាបនាប្រទេសជាតិពួកគេបានឆាប់រហ័ស ។
ទន្ទឹមគ្នានេះផងដែរ លោក អោម សេងបូរ៉ា បានយល់ច្បាស់ពីគុណប្រយោជន៍របស់អ្នករកស៊ី ឬសហគ្រិនក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងកមាំបានឆាប់រហ័ស ពីព្រោះសហគ្រិនក៏ជាបុគ្គលដែលបានបង្កើតផលិតផលសេវាកម្មប្រើប្រាស់នៅក្នុងសង្គមបានច្រើនជាងគេ បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានច្រើនជាងគេ បានចូលរួមចំណែកកសាងធនធានមនុស្សបានច្រើនជាងគេ និងបានបង្កើតចំណូលពន្ធជូនរដ្ឋបានច្រើនជាងគេផងដែរ ។ លោកបានលើកឡើងថា “អ្នករកស៊ី ឬសហគ្រិន ក៏ជាអ្នកស្នេហាជាតិមួយផងដែរ ក៏ប៉ុន្តែមិនត្រូវបានទទួលស្គាល់និងអើពើឱ្យតម្លៃពីសង្គមខ្លាំងឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សមួយចំនួនមានចិត្តស្អប់ ឬទស្សនៈអវិជ្ជមានចំពោះអ្នករកស៊ីទៅទៀត ដែលទស្សនៈនេះបង្អាក់ល្បឿនក្នុងការជម្រុញអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការលូតលាស់ឆាប់រហ័ស” ។
កន្លងមកនេះសេដ្ឋកិច្ចកម្ពុជារបស់យើង បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីភ្លើងសង្គ្រាមជាច្រើន ជាហេតុបានធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមានភាពទន់ខ្សោយ និងងាយរងគ្រោះដោយពឹងអាស្រ័យទៅលើសេដ្ឋកិច្ចបរទេសខ្លាំង ។ ដោយមើលឃើញថាអ្នករកស៊ី និងសហគ្រិនកម្ពុជាភាគច្រើនរកស៊ីបែបហេងស៊យ បែបគ្រួសាររពីឪពុកម្តាយ មិនមានទស្សនវិស័យច្បាស់លាស់ ខ្វះចំណេះដឹងបទពិសោធន៍ សមត្ថភាពមានកម្រិតក្នុងការដឹកនាំ និងគ្រប់គ្រងស្តង់ដារដូចជា៖
- មានបញ្ហាក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងបុគ្គលិក
- មានបញ្ហាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការកៀរគរទុនវិនិយោគ
- មានបញ្ហាក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះផលិតផលសេវាកម្ម
- មានបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងតាមបែបបច្ចេកវិទ្យាទំនើប
- មានបញ្ហាក្នុងការពង្រីកអាជីវកម្មឱ្យបានកាន់តែធំអស់ពីសក្តានុពល
- មានបញ្ហាជាប់ខ្លួនជាអ្នកទោសអាជីវកម្ម
- មានភាពងាយរងគ្រោះក្នុងការប្រកួតប្រជែងជាមួយអាជីវកម្មមកពីក្រៅប្រទេស
- មានបញ្ហាក្នុងការបាត់បង់សុភមង្គលនៅក្នុងក្រុមគ្រួសារ ប្តីប្រពន្ធ កូន ឪពុកម្តាយ ។ល។
ដោយផ្អែកទៅលើកត្តាទាំងឡាយដែលបានលើកឡើងខាងលើនេះ លោក អោម សេងបូរ៉ា បានលាឈប់ពីការងារក្នុងតួនាទីជាអគ្គនាយកនៃស្ថាប័នមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១០ ជាកន្លែងដែលលោកបានកសាងស្នាដៃដឹកនាំក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថាជាស្ថាប័នគំរូលេខ១ ក្នុងចំណោម៤៧ប្រទេស ។ លោកបានយកចំណេះដឹង និងបទពិសោធន៍ទាំងនោះមកធ្វើការបណ្តុះបណ្តាលសហគ្រិនជាច្រើននៅកម្ពុជាឱ្យទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងស្ថាប័នអាជីវកម្មឱ្យមានលក្ខណៈស្តង់ដារកម្រិតអន្តរជាតិ ។ បន្ទាប់មកដោយយល់ឃើញថាការរៀនសម្រាប់ម្ចាស់អាជីវកម្មត្រូវហ្វឹកហាត់អភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងក្រុមហ៊ុន ហេតុដូច្នេះហើយនាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ លោកបានបង្កើត CEO Master Club ជាផ្លូវការរហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយបង្កើតឱ្យមានសមាជិកភាពពេញមួយជីវិត ។ សមាជិករបស់ CEO Master Club ទទួលបានការបណ្តុះបណ្តាលនិងប្រឹក្សាយោបល់ពេញមួយជីវិត និងមានទំនាក់ទំនងជ្រោមជ្រែងការរកស៊ីក្នុងចំណោមសមាជិកដែលជាសហគ្រិនទាំងអស់ទូទាំងប្រទេស និងក្រៅប្រទេស ។ CEO Master Club មិនត្រឹមតែជួយសមាជិករបស់ខ្លួនឱ្យមានភាពរីកចម្រើន ទទួលបានប្រាក់ចំណេញបានឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយសមាជិករបស់ខ្លួនឱ្យកសាងនិងរក្សាសុភមង្គលសម្រាប់គ្រួសាររបស់ខ្លួនបានល្អផងដែរ ។