ភាពជាអ្នកដឹកនាំរបស់សត្វឥន្រ្ទីទាំង7ចំណុច
ផាន សុភាក់12 June 2024738 views

៧ចំណុចភាពដឹកនាំរបស់សត្វឥន្រ្ទី ***

សត្វឥន្ទ្រីគឺជាស្តេចបក្សីនៅលើលំហអាកាស ដែលមានទម្លាប់ និងសភាវគតិខុសប្លែកពីសត្វស្លាបទាំងឡាយ។ វាបានធ្វើឲ្យខ្លួនឯង ក្លាយជាទៅស្តេចបក្សីដ៏មានឥទ្ធិពលជាងពពួកសត្វស្លាបទាំងអស់នៅក្នុងលោក។

 

១. វាចូលចិត្តហោះហើរម្នាក់ឯងនៅទីខ្ពស់បំផុត: ទម្លាប់ហោះហើរម្នាក់នៅទីខ្ពស់បំផុតរបស់ស្តេចបក្សីមួយនេះ បានបង្រៀនយើងឲ្យចេះធ្វើខ្លួនជាមនុស្សដែលរស់នៅឲ្យឆ្ងាយពីមនុស្សដែលមានចិត្តចង្អៀតចង្អល់ ព្រោះពួកគេអាចនឹងនាំឲ្យយើងធ្លាក់ចុះក្នុងស្ថានភាពអាក្រក់ណាមួយ។

២. ច្បាស់លាស់ចំពោះគោលដៅ: ឥន្ទ្រីជាសត្វដែលមានភាពប្រាកដប្រជាចំពោះគោលដៅរបស់ខ្លួន មុនចេញសកម្មភាពណាមួយ មិនការហោះហើរ ឫការកំណត់គោលដៅក្នុងការចាប់ចំណីឡើយ។ មេរៀននេះ ប្រាប់យើងឲ្យចេះកំណត់គោលដៅច្បាស់លាស់ និងផ្តោតសំខាន់តែទៅលើគោលដៅ ចៀសវាងការខ្វល់ខ្វាយច្រើនតែទៅលើឧបសគ្គនាំឲ្យកើតចិត្តរារែកមិនហ៊ានចាប់ផ្តើម និងមិនហ៊ានប្រឈរមុខពេលជួបបញ្ហា។

៣. ឥន្ទ្រីស៊ីតែសាច់ស្រស់ មិនស៊ីសាកសពសត្វឡើយ: សម្រាប់មេរៀនទី៣នេះ វាបានប្រាប់យើងថា ត្រូវធ្វើជាមនុស្សដែលរស់នៅក្នុងពេលបច្ចុប្បន្ន និងចេះសម្លឹងមើលទៅអនាគត កុំទម្លាប់អោបជាប់តែនឹងអតីតកាលដែលបានកន្លងផុតទៅហើយនោះ។

៤. សត្វឥន្ទ្រីចូលចិត្តព្យុះ : នៅពេលមានព្យុះភ្លៀង សត្វស្លាបទាំងឡាយនាំគ្នារកកន្លែងលាក់ខ្លួន ពួកជ្រកកន្លែងផ្សេងៗគ្នា ផ្ទុយពីសត្វស្លាបទាំងឡាយ សត្វឥន្ទ្រីបែរជាចូលចិត្តពេលដែលមានព្យុះភ្លៀងទៅវិញ ព្រោះវាជាឱកាសដែលធ្វើឲ្យការហោះហើររបស់វាកាន់តែមានភាពល្អប្រសើរឡើង និងហោះបានកាន់ខ្ពស់ផុតពពកខ្មៅតែម្តង។

មេរៀននៅត្រង់ចំណុចនេះ ចង់បង្ហាញប្រាប់យើងរាល់គ្នាថា ធ្វើជាមនុស្សកុំគិតតែពីខ្លាច មិនហ៊ានប្រឈរមុខ និងមិនហ៊ានប្រកួតប្រជែងឲ្យសោះ។ ពិសេសត្រូវចេះហ៊ានទទួលយកហានិភ័យ ព្រោះគ្រប់ហានិភ័យសុទ្ធតែមាននូវឱកាស និងផលចំណេញសម្រាប់អ្នកស្វះស្វែងរក និងមានការតាំងចិត្តខ្ពស់។

៥. តេស្តលើការតាំងចិត្ត : នៅពេលដែលសត្វឥន្ទ្រីញីបានជួបនឹងសត្វឥន្ទ្រីឈ្មោលណាមួយ វាតែងតែចំណាយពេលច្រើនបំផុតក្នុងការធ្វើតេស្តលើការតាំងចិត្តរបស់ឥន្ទ្រីឈ្មោល។

នៅត្រង់ចំណុចនេះ អ្វីដែលអ្នកអាចរៀនសូត្របានពីស្តេចបក្សីមួយនេះ គឺមិនថាអ្នកជាមនុស្សមានសមត្ថភាព មានជំនាញខ្លាំងប៉ុណ្ណានោះទេ អ្នកចាំបាច់ត្រូវការដៃគូចូលរួមការងារជាមួយអ្នក ហើយអ្វីដែលអ្នកត្រូវតែធ្វើឲ្យបាននោះ គឺត្រូវតែធ្វើតេស្តទៅលើការតាំងចិត្តរបស់មនុស្ស មុននឹងសម្រេចចិត្តជ្រើសរើសគេយកមកសហការ ធ្វើការងាររួមជាមួយគ្នា។



៦. ត្រៀមខ្លួនបង្កើនសមត្ថភាព: សត្វស្លាបមួយនេះ តែងតែត្រៀមខ្លួនជាប់ជានិច្ចសម្រាប់ការហ្វឹកហាត់ហោះហើរ ក្នុងទម្រង់ផ្សេងៗជាប់ជាប្រចាំ ដែលធ្វើឲ្យសមត្ថភាពហោះហើររបស់ពួកវាកាន់តែលឿន និងបត់បែនតាមចិត្ត តាមតម្រូវការបានទាន់ពេលវេលា។

សម្រាប់មនុស្សយើងវិញ អ្នកមិនគួររស់នៅតែក្នុងតំបន់សុវត្ថិភាពគ្រប់ពេលពេកទេ ហើយក៏មិនគួរឈរនៅតែមួយកន្លែង ដែលអ្នកគិតថាសុខស្រួលហើយនោះដែរ។ ត្រូវចាំថា នៅពេលដែលអ្នកមិនព្រមធ្វើការផ្លាស់ប្តូរ នោះក៏គ្មានភាពរីកចម្រើនណាមួយកើតឡើងដូចគ្នាដែរ។

ចូលក្រឡែកមើលប្រទេសសិង្ហបុរី ដែលជាប្រទេសដីកោះក្ររហាមដ៏តូចមួយកាលពីមុន ឥឡូវគេបានវិវឌ្ឍនខ្លួនក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេ និងមានប្រជាជនដែលមានប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាងគេបំផុតនៅអាស៊ី ទោះជាឈរលើកំពូលតារាងហើយក៏ដោយ ប្រជាជនគេនៅតែមិនព្រមអង្គុយសំងំសុខតែមួយកន្លែងនោះទេ ពួកគេនៅតែប្រឹងធ្វើការងារ ប្រឹងប្រែងរកស៊ីឥតសម្រាក ខណៈដែលយើងជាប្រទេសក្រីក្រ ប្រជាជនគិតតែពីចង់សម្រាក និងគិតតែពីសប្បាយរីករាយ ទាំងគ្មានអ្វីសោះនៅក្នុងផ្ទះ។

៧. ទ្រាំឈឺផ្លាស់ប្តូរដើម្បីរស់: សត្វឥន្ទ្រីជាសត្វស្លាបមួយប្រភេទដែលអាចរស់បានរហូតដល់ទៅ៧០ឆ្នាំ ខណៈពេលដែលសត្វនេះមានអាយុកាន់តែច្រើន ចំពុះរបស់វាចាប់ផ្តើមប្រេះបែក ហើយស្លាបរបស់ចាប់ផ្តើមដុះវែងលុបរាង្គកាយ និងចាប់ផ្តើមមានធ្ងន់ទៅៗ ដែលធ្វើឲ្យវាត្រូវធ្វើការផ្លាស់ប្តូរមួយដ៏ធំដើម្បីរស់។

សត្វនេះត្រូវបង្ខំចិត្តហោះហើរទៅរងទ្រនំដ៏ខ្ពស់បំផុតលើកំពូលភ្នំណាមួយ ហើយចឹងបំបែកចំពុះចាស់នោះចេញជាមួយនឹងថ្ម ដើម្បីរងចាំចំពុះថ្មីដុះឡើងវិញ និងមានភាពរឹងមាំដូចដើម។ ក្រោយពេលចំពុះថ្មីដុះហើយ ការឈឺចាប់របស់វាមួយទៀតនោះ គឺការចឹកជម្រោះស្លាបចាស់ៗចេញមួយចំនួនដើម្បីឲ្យស្លាបរបស់វាស្រាលអាចហោះហើរបានសាជាថ្មីម្តងទៀត។ ការតស៊ូចំពោះការផ្លាស់ប្តូរមួយនេះ នឹងផ្តល់ឱកាសឲ្យវាអាចរស់បាន៣០ឆ្នាំទៀត។

មេរៀនរបស់សត្វបក្សីនេះគឺ យើងត្រូវតែហ៊ានធ្វើការផ្លាស់ប្តូរខ្លួនឯង បោះបង់ចោលទម្លាប់អាក្រក់ទាំងឡាយ ការគិតបែបអវិជ្ជមាន និងត្រូវហ៊ានដុះខាតខ្លួនឯងឲ្យក្លាយជាមនុស្សតម្លៃ៕


រក្សាសិទ្ធ៖ រស់ សម័យ

ផាន សុភាក់
ផាន សុភាក់
ខ្ញុំគឺ សុភាក់ ជាអ្នកចែករំលែកអត្ថបទ ដកស្រង់ព័ត៌មាន នាំយកចំណេះដឹងថ្មីៗ ព្រមទាំងគន្លឹះល្អៗជាច្រើនសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានអាន ដើម្បីជាចំណែកមួយជួយអភិវឌ្ឍន៍ចំណេះបន្ថែមទៀត។ ប្រសិនបើបងប្អូនទាំងអស់មានជាមតិយោបល់លើអត្ថបទខាងលើ សម្រាប់ជាការស្ថាបនាឱ្យកាន់តែល្អបន្ថែមទៀត បងប្អូនអាចទំនាក់ទំនងមកកាន់ខ្ញុំបាទផ្ទាល់តាមរយៈ Telegram 0888291315, Facebook: Sopheak Phan ។ សូមអរគុណ!
ភាពជាអ្នកដឹកនាំរបស់សត្វឥន្រ្ទីទាំង7ចំណុច

អត្ថបទថ្មីៗ