១. បង្កើនចំណង់ ៖ ជាធម្មជាតិមនុស្សអត់ចូលចិត្តរឿងគ្រប់យ៉ាងទេ តែអ្នកត្រូវតែទទួលយកការពិតពីព្រោះថារឿងគ្រប់យ៉ាងវាសំខាន់សម្រាប់ជីវិតទើបអ្នកអាចបង្កើននូវចំណង់បាន។ មនុស្សធម្មតាធ្វើរឿងដែលគេចង់ គេចូលចិត្ត គេស្រលាញ់តែមនុស្សធម្មតាមិនចេះបង្កើនចំណង់នោះឡើយ ផ្ទុយទៅវិញបើចង់ធ្វើមេដឹកនាំត្រូវចេះបង្កើនចំណង់ធ្វើរឿងអ្វីដែលខ្លួនមិនចង់ធ្វើ។ ជាមេដឹកនាំមិនត្រូវរើសការងារនោះទេ ពីព្រោះថាយើងត្រូវធ្វើការ៣៦០ដឺក្រេ។ ចំណង់ជាស្ពាននាំអ្នកឈានទៅរកលទ្ធផលដែលល្អប្រសើរជាងមុន។
២. បង្កើនចំណេះ ៖ គ្រប់យ៉ាងគឺកើតឡើងពីការយល់ឃើញត្រូវ ដឹងអំពីរបៀបដែលត្រូវធ្វើ មានចំណេះដឹងអំពីវា។ ចង់រីកចម្រើនដូចគេអ្នកត្រូវសួរខ្លួនឯងថា «ហេតុអ្វីក៏យើងធ្វើការដូចគេ តែរឿងអ្វីក៏គេដឹងហើយយើងមិនដឹង?» ចម្លើយនោះគឺមកពី «ការផ្តោត ការយកចិត្តទុកដាក់ ការឱ្យតម្លៃ ការស្រាវជ្រាវ ការស្វែងយល់ ការចេះសួរ ចង់ចេះចង់ដឹង»។ ចូរកុំរំពឹងសំណាងមករកយើងព្រោះថា «សំណាង» មកពីពាក្យថា «សាង» បើចង់បានសំណាងត្រូវបង្កើនចំណេះ។
៣. បង្កើនជំនាញ ៖ ពាក្យថាជំនាញមានន័យថា ស្ទាត់ពោលគឺធ្វើលឿន គុណភាពត្រូវ គុណភាព១០០% គុណភាពស្តង់ដារខ្ពស់ ធ្វើតិច បានផលច្រើន។ ចូរកុំបណ្តោយខ្លួនឯងឱ្យនៅជាមនុស្សមានជំនាញធន់មធ្យម ត្រូវតែវិវត្តន៍ខ្លួនឱ្យទៅជាអ្នកជំនាញស្តង់ដារខ្ពស់។ ដើម្បីមានជំនាញត្រូវតែធ្វើឱ្យបានច្រើនដង ច្រើនសារ ទើបស្ទាត់។ ឈ្នះចាញ់អាស្រ័យលើជំនាញ មានចំណេះដឹងនៅស្ទើរ តែបើមានជំនាញទើបមុតស្រួច។
៤. បង្កើនជំនឿ ៖ ជំនឿ មានន័យថាជឿជាក់។ រឿងដំបូងដែលត្រូវធ្វើគឺជឿលើមេដឹកនាំយើង ព្រោះថាអ្នកអាចនឹងមិនទាន់ជឿជាក់លើខ្លួនឯង តែមេអ្នកបានជឿលើអ្នករួចទៅហើយ។ ត្រូវមានជំនឿលើស្ថាប័ន មានជំនឿលើមេដឹកនាំ មានជំនឿលើមនុស្សជុំវិញខ្លួន មានជំនឿលើខ្លួនឯង។
៥. បង្កើនចំណងទាក់ទង ៖ ពាក្យថា «បង្កើនចំណងទាក់ទង» មានន័យថា «បង្កើនភាពស្និតស្នាល»។ ត្រូវបង្កើនភាពស្និតស្នាលនិងអនុវត្តន៍តាមគោលការណ៍«ស្នេហ៍មិនឈ្នះស្និទ្ធ»។ ចូរបង្កើនភាពស្និតស្នាលជាមួយក្រុមការងារ ជាមួយអតិថិជន ជាមួយដៃគូ។ ចូរឆ្លុះបញ្ចាំងមកខ្លួនឯងថារាល់ថ្ងៃបានបង្កើនភាពស្និតស្នាលជាមួយមេដឹកនាំ ជាមួយមនុស្សជុំវិញខ្លួនបានកម្រិតណា។ ក្នុងជីវិតបើខ្វះភាពស្និតស្នាល ខ្វះចំណងទាក់ទង នឹងជួបនូវឧបសគ្គ ជួបនូវបញ្ហាជាច្រើនព្រោះយើងខ្វះដំណោះស្រាយ។ ចំណងទាក់ទង បង្កើតឱកាស។
៦. បង្កើនជំនួយ ៖ ការបង្កើនជំនួយចែកចេញជាពីរផ្លូវ៖
យើងជួយអ្នកជុំវិញ ៖ ជាបុគ្គលដែលចេះជួយដល់ស្ថាប័ន ចេះជួយដល់ថ្នាក់ដឹកនាំ ចេះជួយដល់ក្រុមការងារ ចេះជួយដល់អតិថិជន ចេះជួយដល់ដៃគូ។
ចេះរកជំនួយពីអ្នកជុំវិញ ៖ មនុស្សគ្រប់គ្នាត្រូវការជំនួយ ៖ មនុស្សគ្រប់គ្នាត្រូវការក្រុមការងារ ការងារមិនទៅមុខ ការងាររាំងស្ទះ ត្រូវចេះរកជំនួយ ហើយរកជំនួយពីបុគ្គលដែលត្រឹមត្រូវបំផុតជាពិសេសមេយើងមុនគេ។
៧. បង្កើនជំនិត ៖ «បង្កើនជំនិត» គឺ « បង្កើនមនុស្សដែលមានភក្តីភាពជាមួយអ្នក»។ ចូរបង្កើនភក្តីភាពរបស់អ្នកជាមួយខ្លួនឯងមុនគេ បន្ទាប់ពីនេះបង្កើនភក្តីភាពជាមួយថ្នាក់ដឹកនាំ ជាមួយអ្នកពាក់ព័ន្ធ ជាមួយស្ថាប័ន ហើយក៏ត្រូវតែបង្កើនបុគ្គលដែលមានភក្តីភាពជាមួយយើងមកវិញផងដែរ។ ចូរបង្កើនភក្តីភាពជាមួយអ្នកដែលរួមសុខរួមទុក្ខជាមួយអ្នកបាន មិនមែនរួមតែសុខ មានទុក្ខរត់ចោលនោះទេ។
៨. បង្កើនចំណូល ៖ ធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីបង្កើនចំណូល រាល់ថ្ងៃត្រូវតែបង្កើនចំណូល។ ត្រូវមានស្មារតីបង្កើនចំណូល រំលឹកក្រុមការងារឱ្យផ្តោតលើចំណូល ប្រយុទ្ធដើម្បីចំណូល។ ចំណូល គឺជាឈាម ដែលទៅចិញ្ចឹមបេះដូង ចិញ្ចឹមរាងកាយឱ្យមានជីវិត។
៩. បង្កើនចំណេញ ៖ ចំណូលត្រូវធំជាងចំណាយ។ ចំណាយមានចំណាយមើលឃើញ និងចំណាយមើលមិនឃើញ។
រក្សាសិទ្ធ៖ លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា
សម្រង់អត្ថបទ៖ ផាន សុភាក់