« ១មិន ៥មាន » គឺជាវិញ្ញាណនៃអ្នកដឹកនាំ
បុគ្គលដែលជាអ្នកដឹកនាំ បើចង់ដឹកនាំជោគជ័យត្រូវដឹងពី « ១មិន ៥មាន »។ នេះជាប្រសាសន៍របស់ឯកឧត្តម ពឹង គិមឆេន ក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពី ភាពជានាយកសាលាឆ្នើម។
« ១មិន ៥មាន » គឺជាវិញ្ញាណនៃអ្នកដឹកនាំមានអត្ថន័យសេចក្តីថា៖
១ មិន គឺមិនអាត្មានិយម៖ អ្នកដឹកនាំកាលណាតែអាត្មានិយមហើយ គឺបរាជ័យហើយ។ នាមជាអ្នកដឹកនាំចាំបាច់ត្រូវដកនូវមួយចំណុចនេះចេញជាដាច់ខាត បើចង់ក្លាយជាអ្នកដឹកនាំម្នាក់ដែលទទួលបានជោគជ័យលើកិច្ចការដឹកនាំរបស់ខ្លួន មិនថាក្នុងសាលា ឬស្ថាប័ន។
៥មាន គឺមាន ឆន្ទៈ អត់ធ្មត់ ព្យាយាម ស្មោះត្រង់ និងលះបង់។ អ្នកដឹកនាំបើគ្មានធាតុទាំងប្រាំនេះនៅក្នុងខ្លួនទេកុំសង្ឃឹមថាកិច្ចការដឹកនាំរបស់ខ្លួនទទួលបានជោគជ័យឱ្យសោះ។ អ្វីគ្រប់យ៉ាងគឺផ្តើមចេញពីយើងដែលជាអ្នកដឹកនាំនេះ ធ្វើឱ្យគេឃើញ។ យើងជាអ្នកដឹកនាំនិយាយចេះបែបណាត្រូវតែធ្វើបែបនោះ ហើយបើយើងជាអ្នកដឹកនាំនិយាយចោល (នឹងកើតទៅជាអាចាតែថេះ) គ្មាននរណាមកស្តាប់យើងទេ។ ហើយបើយើងជាអ្នកដឹកនាំនិយាយហើយ ធ្វើកើតហើយ រឿងអ្វីដែលអ្នកនៅក្រោមបង្គាប់យើងហ៊ាននិយាយបដិសេធថា ធ្វើមិនកើត បើយើងធ្លាប់ធ្វើកើតហើយហ្នឹង។ អ៊ីចឹង ចាំបាច់ណាស់ត្រូវតែមានឆន្ទៈ អត់ធ្មត់ ព្យាយាម ស្មោះត្រង់ និងលះបង់ ទើបកិច្ចការដឹកនាំរបស់យើងអាចជោគជ័យទៅបាន។
« ចង់ក្លាយជានាយកសាលាឆ្នើម ត្រូវកំណត់លទ្ធផលនៃពាក្យថានាយកឆ្នើមជាមុនសិន» នេះជាប្រសាសន៍របស់លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ។
លោកគ្រូបានបញ្ជាក់ថា ខ្ញុំតែងតែនិយាយថា សិស្សខ្ញុំជោគជ័យ ទើបខ្ញុំជោគជ័យ សិស្សខ្ញុំឆ្នើមទើបខ្ញុំឆ្នើម ព្រោះបុព្វហេតុរបស់ខ្ញុំ គឺកូនសិស្សខ្ញុំ។ ជាទស្សនៈរបស់ខ្ញុំ ខ្ញុំយល់ឃើញថា ដើម្បីកំណត់ថាខ្ញុំជានាយកសាលាឆ្នើមបានទាល់តែ សិស្សខ្ញុំរីករាយ សិស្សខ្ញុំរៀនចេះ សិស្សខ្ញុំប្រឡងជាប់បានលទ្ធផលល្អ សិស្សខ្ញុំមានមុខរបរបានចំណូលខ្ពស់ សិស្សខ្ញុំមានកិត្តិយសខ្ពង់ខ្ពស់ និងចុងក្រោយសិស្សខ្ញុំមានសេចក្តីសុខ។ នេះជាកត្តាកំណត់របស់ខ្ញុំ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ពឹង គិមឆេន និងលោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា បានចែករំលែកសារនេះក្នុងកម្មវិធី បណ្តុះបណ្តាលខ្លីស្តីពីប្រធានបទ ក្លាយជានាយកឆ្នើម កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ ដែលរៀបចំដោយវិទ្យាស្ថានស៊ីអ៊ីអូ។







